ភ្នំពេញ ៖ ផ្ទុះឡសម្ងួតដូចរន្ទះនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង បណ្ដាលឲ្យអណ្ដាតភ្លើងបែកខ្ទាតចេញពីឡកំដៅនេះ ជះចូលដល់កន្លែងដាក់ម៉ូតូ និងកង់របស់កម្មករ បណ្ដាលឱ្យភ្លើងឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ រហូតខូចខាតប្រើការលែងបានទាំងស្រុងជាង៣០គ្រឿង និងកង់២គ្រឿងទៀត។ ចំណែកក្រុមកម្មករ និងកម្មការិនីវិញ ភ័យស្លន់ស្លោនាំគ្នារត់ជាន់ជើងគ្នា ព្រមទាំងបានជួយជញ្ជូនសម្ភារៈចេញពីក្នុងអគាររោងចក្រផងដែរ ព្រោះខ្លាចភ្លើងឆេះដល់។ ភ្លាមៗនោះ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចេញអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៅជួយបា.ញ់ទឹកពន្លត់ រហូតអណ្ដាតភ្លើងរលត់ទៅវិញទាំងស្រុង។
![](http://www.santepheappit.com/wp-content/uploads/2024/01/FB_IMG_1704201320989.jpg)
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងយីហោ «ត្រាវី ហ្គាម៉ិន ខេមបូឌា ឯ.ក» ដែលមានទីតាំងនៅខាងក្រោយទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀករថយន្ត ) ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](http://www.santepheappit.com/wp-content/uploads/2024/01/FB_IMG_1704201316572.jpg)
បើតាមកម្មករបម្រើការងានៅក្នុងរោងចក្រនោះ បាននិយាយប្រាប់ឱ្យដឹងថា «នៅមុនពេលកើតហេតុ ខណៈពេលដែលកម្មករកំពុងតែធ្វើការសុខៗ ស្រាប់តែឮផ្ទុះឡសម្ងួតនៅក្នុងរោងចក្រលាន់សូរផូងៗ ហើយក៏មានអណ្ដាតភ្លើងជះចូលទៅដល់កន្លែងដាក់ម៉ូតូកម្មករតែម្ដង បណ្ដលឲ្យម៉ូតូចំនួន៣២គ្រឿង និងកង់២គ្រឿង ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងយ៉ាងឆាប់រហ័ស ដោយត្រឹមតែមួយសន្ទុះតែប៉ុណ្ណោះ ធ្វើឲ្យរងការខូចខាតទាំងស្រុងនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ»។
![](http://www.santepheappit.com/wp-content/uploads/2024/01/FB_IMG_1704201318788.jpg)
ប្រភបដដែលបន្តថា «ចំណែកក្រុមកម្មករ និងកម្មការិនីរោងចក្របានត្រឹមតែឈរមើលអណ្ដាតភ្លើងលេបត្របាក់ម៉ូតូរបស់ខ្លួនតែប៉ុណ្ណោះ និងមានអ្នកខ្លះទៀត ទ្រហោយំ ព្រោះតែស្ដាយម៉ូតូរបស់ខ្លួនថែមទៀតផង»។
![](http://www.santepheappit.com/wp-content/uploads/2024/01/FB_IMG_1704201314226.jpg)
ប្រភពដដែល ប្រាប់ឲ្យដឹងបន្តថា «ម៉ូតូដែលត្រូវភ្លើងឆាបឆេះនោះ ភាគច្រើនគឺម៉ាកហុងដាឌ្រីមសេ១២៥ និងហុងដាស្កូបពី ដែលជារបស់កម្មករ និងកម្មការិនីជិះមកធ្វើការងារ ហើយទុកនៅក្បែរទីតាំងឡសម្ងួត ដែលមានខាងតំណាងរោងចក្ររៀបចំឲ្យទុកនៅទីនោះ»។
![](http://www.santepheappit.com/wp-content/uploads/2024/01/FB_IMG_1704201325727.jpg)
ប្រភពដដែល ប្រាប់ឲ្យដឹងបន្តទៀតថា «ដោយឡែក នៅពេលមានភ្លើងឆេះភ្លាមៗនោះ ធ្វើឲ្យមានការជ្រួលច្របល់ខ្លាំងណាស់ អ្នកខ្លះក៏រត់យករួចខ្លួន និងអ្នកខ្លះទៀតក៏បានជួយជញ្ជូនសម្ភារៈចេញពីក្នុងអគាររោងចក្រ។ ប៉ុន្តែពុំមាននរណាម្នាក់អាចមានលទ្ធភាពចូលទៅពន្លត់ភ្លើងនោះបានឡើយ ព្រោះថា ក្នុងម៉ូតូ១គ្រឿងៗសុទ្ធតែប្រេងសាំងធ្វើឲ្យអណ្ដាតភ្លើងឆេះខ្លាំងណាស់ បន្ទាប់មកទើបរាយការណ៍សុំជំនួយពីអាជ្ញាធរខណ្ឌដង្កោភ្លាមៗតែម្ដង»។
![](http://www.santepheappit.com/wp-content/uploads/2024/01/FB_IMG_1704201323412.jpg)
ចំណែកនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងដែរថា «ក្រោយពីទទួលបានដំណឹងនោះភ្លាម លោកស្រី គឹម ញ៉ឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបសលខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅអន្តរាគមន៍ភ្លាមៗ។ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក៏បានទៅដល់ជាបន្តបន្ទាប់ផផងដែរ។ បន្ទាប់មក ក៏បានពន្លត់ភ្លើងរហូតរលត់ទៅវិញ និងមិនបានបណ្ដាលឲ្យឆេះរាលដាលចូលដល់រោងចក្រទាំងមូលឡើយ ហើយក៏ពុំបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះដែរ។
![](http://www.santepheappit.com/wp-content/uploads/2024/01/IMG_20240102_202435-1024x562.png)
គួរបញ្ជាក់ថា បើយោងតាមការស្រាវជ្រាវជំហានដំបូងនគរបាលខណ្ឌដង្កោប្រាប់ថា «ការឆាបឆេះនេះ បង្កឡើងដោយសារការផ្ទុះឡកម្ដៅ នៅក្នុងរោងចក្រនេះតែម្ដង.!