ភ្នំពេញ ៖ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង សម្តេចធិបតីនាយករដ្ឋមន្ត្រីបានស្នើឲ្យអគ្គស្នងការនគរបាលជាតិត្រូវតែធ្វើការពង្រឹងការត្រួតពិនិត្យជាតិអាល់កុល នៅតាមដងផ្លូវឡើងវិញ ។ ការលើកឡើងរបស់សម្តេចធិបតីបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍បុករះមួយនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សស្លា.ប់៤នាក់ ដោយសារតែអ្នកបើកបរស្រវឹង ។
ម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងក្នងពិធីបិទសន្នីបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន«នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញយ៉ាងដូច្នេះថា ៖«គ្រោះថ្នាក់ចរាចរណ៍ខ្ញុំយល់ឃើញថា មិនចាំបាច់ទៅថតមុខអ្នករងគ្រោះទៅជិតពេកទេ ! យើងគ្រាន់តែថតទិដ្ឋភាពដើម្បីឲ្យដឹងថា មានគ្រោះថ្នាក់កើតឡើង ។ រូបភាពដែលមានការយំស្រែកផ្សេងៗ អាហ្នឹងសូមឲ្យក្រសួងព័ត៌មានពិនិត្យមើល ។ ខ្ញុំឃើញមានការសហការជាមួយក្លឹបអ្នកកាសែត និងក្លឹបផ្សេងៗមានការបណ្តុះបណ្តាល ដូចខ្ញុំនិយាយអ៊ីចឹង វិសមភាពអ្នកកាសែតមួយចំនួនបានបង្កឲ្យមានបាតុភាព ដូច្នេះយើងត្រូវពិនិត្យមើល ។ យើងការពារបងប្អូនអ្នកសារព័ត៌មានឲ្យមានការផ្សព្វផ្សាយបានរហ័ស ប៉ុន្តែយើងក៏ត្រូវការពារសិទ្ធិដល់បងប្អូនរងគ្រោះ ឬបុគ្គលនៅក្នុងកម្រិតណាមួយ» ។
ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ទៀតថា ៖ សម្រាប់កិច្ចការនេះខ្ញុំសូមភ្ជាប់ជាមួយរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចដែលព័ត៌មានអាចជួយ ។ ទី១ អារឿងស្រវឹងហ្នឹងដូចជា ច្រើនបុកនេះ ខ្ញុំសូមឲ្យឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិឲ្យពិនិត្យឡើងវិញនូវការត្រួតពិនិត្យឡើងវិញនូវជាតិអាល់កុល ។ ព្រោះថាសោនា.ដកម្មណាស់ ឧទាហរណ៍រឿងកើតឡើងមុននេះ សូម្បីតែអ្នកបើកក៏មិនចង់ដែរ ដូច្នេះត្រូវទប់អាហ្នឹងឡើងវិញ ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ត្រូវពង្រឹងការអនុវត្តច្បាប់ និងពិនិត្យជាតិអាល់កុលនេះឡើងវិញ ។ មហាជនគេនឹងចូលរួម ពិសេសនោះសាមីខ្លួន ។ ជាការសង្វែគណាស់ នៅពេលបាត់សមាជិកគ្រួសារម្នាក់ ។ កាលពីមុនកីឡាករម្នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ សម្តេចធិបតីក៏បានសម្តែងការសង្វែគចំពោះជនរងគ្រោះបាត់បង់ជីវិតដែលសុទ្ធតែអ្នកដែលមានអនាគតល្អតែត្រូវតែបាត់បង់ជីវិតបែបនេះទៅវិញ ។
សម្តេចគូសបញ្ជាក់បន្ថែមថា៖ «យើងសង្វែគណាស់ ហើយគ្រោះថ្នាក់ធំរបស់យើង គឺគ្រោះថ្នាក់ចរាចរណ៍នេះឯងស្លា.ប់ច្រើនជាងគ្រាប់បែកគ្រាប់មីន ។ អីញ្ចឹងសូមពិនិត្យមើល ពិសេសនោះវិធានការច្បាប់យើងធ្វើ តែយើងត្រូវពិនិត្យមើលវិធានការត្រួតពិនិត្យ ជាតិអាល់កុលនេះ ដោយត្រូវរកវិធីណាកុំឲ្យកើតបញ្ហាលើកកិច្ចការងារនេះ» ៕