គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពង់ឆ្នាំង.!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំង, ថ្ងៃ២៣ ឧសភា ២០២៣)៖

១. ថ្ងៃនេះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធផលដ៏ធំនៅក្នុងវិស័យសុខាភិបាល ខណៈដែលយើងទាំងអស់គ្នាកំពុងសម្ពោធសមិទ្ធផលក្នុងវិស័យសាសនា នៅក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត ក៏កំពុងសម្ពោធសមិទ្ធផលនានានៅគ្រប់ទីកន្លែងផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា។ ទាំងអស់នេះ គឺពិតជាបានបង្ហាញច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងកម្រិតជីវភាពល្អប្រសើររបស់ប្រជាជន នៅក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋនៅក្នុងស្មារតីនៃវប្បធម៌ចែករំលែក។ កាលពីអតីតកាល, គេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាតប៉ុលពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ។

២. ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជា, យើងអាចសំឡឹងមើលថយក្រោយគិតចាប់ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ហើយដែលត្រូវបានប្រទេសក្នុងតំបន់ប្រសិទ្ធនាមជា “កម្ពុជា៖ គុជនៅអាស៊ី” ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែលមានការប្រែប្រួលឡើងចុះ។ ក្នុងនេះ មានរបបលន់នល់ និងរបបប៉ុលពត ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់សម័យបច្ចុប្បន្ននេះ ដែលជាសម័យសន្តិភាព, ឯកភាពជាតិ, ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ។

៣. ក្នុងដំណាក់កាលដ៏លំបាកបំផុតនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា និងទូទាំងសាកលលោក, គ្រប់បណ្តាប្រទេសទាំងអស់ បានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្ត្ររៀងៗខ្លួន ដើម្បីធានាការពារអាយុជីវិតរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ, ប្រទេសកម្ពុជាយើងបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសមរភូមិកូវីដ-១៩ និងបានទទួលចំណាត់ថ្នាក់ល្អលំដាប់ពិភពលោក ក្នុងនាមជាប្រទេសដែលបានគ្រប់គ្រងការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព រហូតអាចបើកដំណើរការប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័ស។ ជោគជ័យនេះ គឺកើតឡើងដោយសារមានសន្ទុះនៃការគាំទ្រ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ហើយក៏បានរួមសហការអនុវត្តតាមគ្រប់ការអំពាវនាវ និងវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនៅក្នុងការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

៤. គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលបានចូលរួមការពារនូវបាវចនាជាតិ៖ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជាគណបក្សដែលតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ។

ជាក់ស្តែង វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានបង្កលក្ខណៈប្រគេនជូនព្រះតេជគុណព្រះសង្ឃដឹកនាំ និងរៀបចំវត្តអារាម និងបដិបត្តិធម៌វិន័យ ជាមួយនឹងការបើកសិទ្ធិសេរីភាពឱ្យប្រជាជនអាចជ្រើសរើសប្រកាន់ជំនឿសាសនាដែលខ្លួនពេញចិត្ត។ មួយវិញទៀត គណបក្សប្រជាជនកម្ពុជា ក៏បានជ្រោងទង់ព្រះមហាក្សត្រឡើងវិញ ដោយដង្ហែរអតីតអង្គព្រះមហាក្សត្រយាងឡើងគ្រងរាជសម្បត្តិឡើងវិញ អនុលោមតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។

Previous Post Next Post