ភ្នំពេញៈ នៅទីបំផុតសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជូនខ្លួនអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើងភ្ជង់គំរាមលើគូរជម្លោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៩ ខែមីននា ឆ្នាំ២០២៣ នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។
អធិការនគរបាលខណ្ឌឫស្សីកែវ លោកហ៊ាង ថារ៉េត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា នៅល្ងាចថ្ងៃទី៣០ ខែមីនា នេះថា “ឥឡូវបានបញ្ជូនទៅដល់តុលាការហើយកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣”។
សូមជម្រាបថា គ្រាន់តែរឿងចរាចរណ៍តាមផ្លូវប្តិចបន្តួចសោះ បានធ្វើឲ្យអ្នកបើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមចង់បុកអ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត រហូតមកដល់ផ្ទះនៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ហើយថែមទាំងយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford ទៀតផង។ ជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានទម្លាយឲ្យដឹងថា អ្នកបើកឡាន Land Rover មានឈ្មោះ បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ភាគីទាំង២ ជាអ្នករស់នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ជាមួយគ្នា៕