គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម.!!

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យយឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក(Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចប្រធានដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ។

ជាមួយនឹងការសម្តែងនូវក្តីសោមនស្សរីករាយ ស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា កម្ពុជា-សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា តាំងខែតុលា ឆ្នាំ១៩៩៧ ដែលរហូតដល់ពេលនេះ មានរយៈពេលជាង ២ទសវត្សរ៍មកហើយ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។

រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងសងខាង។

ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទាំងពីរបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តនៃប្រទេសទាំងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញនានា នៃសភាទាំងពីរ។ សភាទាំងពីរតែងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា នឹងត្រូវបានបន្តពង្រឹង ពង្រីក ឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

Previous Post Next Post