ភ្នំពេញ ៖ ពិតជាអាសូរណាស់ លោកអើយ កញ្ញា គង់ គន្ធា អធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២ម្នាក់ ត្រូវបានរថយន្តបែនដីដឹក ដែលរយ៉ែចុះឡើងនៅផ្លូវក្នុងបុរី ចេញមកលឿនបាំងនឹងរថយន្តស្ទូច មកបុកនឹងកិនកញ្ញា គង់ គន្ធា អធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងព្រឹក កាលពីវេលាម៉ោង ៦ជិត៧ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ នៅក្នុងបុរីហាយធិច ក្នុងភូមិជម្ពុះក្អែក២ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-1032 បានអកហ្សឺជាមួយរម៉ក ទើបចាប់ហ្វ្រាំងឈប់ រួចរយ៉ែចុះឡើងនៅផ្លូវក្នុងបុរីនេះ បត់ក្បាលចេញមក ដោយបាំងនឹងរថយន្តស្ទូចមួយគ្រឿងទៀត ស្រាប់តែជ្រុលបុក ម៉ូតូZoomer-X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GL-9475 និងកិន ជនរងគ្រោះ ដែលជាអធិការរងខណ្ឌច្បារអំពៅ ព្រះនាមកោះរិទ្ធ០២ កំពុងឈរ ស្លាប់យ៉ាងរន្ធត់តែម្តង និងបែកទាំងមួកសុវត្ថិភាព ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោល នៅសល់តែរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុ គេឃើញកម្លាំងចម្រុះ ក្រោមការដឹកនាំដោយលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះមកពិនិត្យ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរ ដើម្បីតាមឃាត់ខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់។
បច្ចុប្បន្នសពជនរងគ្រោះបន្ទាប់ពីធ្វើកំណត់ហេតុនិងកោសល្យវិច្ច័យរួចរាល់ ត្រូវបានប្រគល់ឲ្យសាច់ញាតិ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ! សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសពដែលបាត់បង់មនុស្សជាទីស្រឡាញ់៕