ភ្នំពេញ ៖ បុរសម្នាក់ ជាជនជាតិចិន បើករថយន្តក្នុងស្ថានភាពស្រវឹងជោគ បានរេចង្កូតទៅបុករះផ្ទះប្រជាពលរដ្ឋចំនួន៤ផ្ទះ បណ្ដាលឲ្យរងការខូចខាតសម្ភារៈលក់ដូរអស់ជាច្រើន រួមទាំងម៉ូតូ រថយន្ត រួចរថយន្តបង្កព្យាយាមបើករត់ទាំងដែកសំយាបផ្ទះជាប់ក្រោមរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញឃាត់បាន នៅតាមបណ្ដោយផ្លូវបេតុង ហៅផ្លូវបុរីភ្នំពេញថ្មី ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិន ដែលស្រវឹងស្រាបានបើករថយន្ត Nissan មួយគ្រឿង ពណ៌ទឹកប្រាក់ ស្លាកភ្នំពេញ 2AC-8626 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតបុករះផ្ទះលក់ដូរមួយកន្លែង និងម៉ូតូមួយគ្រឿងដែលចតនៅមុខផ្ទះ អូសម៉ូតូជាច្រើនម៉ែត្រ រួចរថយន្តបង្កបានបន្តទៅបុករះរបងផ្ទះប្រជាពលរដ្ឋ ៣កន្លែងទៀតនៅជាប់គ្នា បណ្ដាលឲ្យផ្ទះ៣កន្លែងរងការខូចខាតធ្ងន់ធ្ងរ និងខូតខាតសម្ភារៈលក់ដូរអស់ជាច្រើន ព្រមទាំងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿងរងការខូចខាត
ផងដែរ ចំណែកផ្ទះមួយកន្លែងទៀតរងការខូចខាតបន្តិចបន្តួច។ ភ្លាមៗ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយប្រឹងព្យាយាមបើករត់ទាំងដែកសំយាបផ្ទះជាប់នៅក្រោមរថយន្តអូសរហូតដល់ចំណុចស្តុបលូ៥ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់ជាប់ រួចបានធ្វើការឃាត់ខ្លួនតៃកុងរថយន្តបង្ក នាំមកប៉ុស្តិ៍នគរបាល ។
សមត្ថកិច្ចជំនាញខណ្ឌឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងតៃកុងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា ៕