កំពង់ស្ពឺ៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្តោះអាសន្នហើយ ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ លើករណីវះកាត់ស្ត្រីម្នាក់បណ្តាលឱ្យកូនស្លាប់ក្នុងស្បូន និងមានការរិះគន់យ៉ាងខ្លាំងចំពោះពេទ្យនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់ប្រាប់ ដោយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
![](http://www.santepheappit.com/wp-content/uploads/2022/11/FB_IMG_1669728265956.jpg)
លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនមន្ត្រីជំនាញចំនួន ៤រូប ឱ្យចុះទៅត្រួតពិនិត្យការអនុវត្តសេវារបស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ក្រោយមានការរាយការណ៍ថា បានវះកាត់ស្ត្រីម្នាក់ដែលកូនស្លាប់ក្នុងស្បូនខុសបច្ចេកទេសពេទ្យ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃក្រុមគ្រូពេទ្យមន្ទីរសម្រាកព្យាបាលនៅឡើយទេ ខណៈស្ត្រីរងគ្រោះកំពុងប្រឈមនឹងការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ។ ការណ៍នេះ មន្ទីរសុខាភិបាលខេត្តត្រូវអនុវត្តចំពោះមុខគឺ ត្រូវបិទទ្វារមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដែលមានទីតាំងនៅផ្សារព្រៃទទឹងជាបណ្តោះអាសន្ន រង់ចាំស្ត្រីរងគ្រោះបានធូរស្បើយឡើងវិញ។
![](http://www.santepheappit.com/wp-content/uploads/2022/11/FB_IMG_1669728255913-1.jpg)
លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានបញ្ជាក់ដែរថា ស្ត្រីជាជងគ្រោះមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
![](http://www.santepheappit.com/wp-content/uploads/2022/11/FB_IMG_1669728268354-1.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/11/FB_IMG_1669728258401-1.jpg)
ប្រធានមន្ទីរសុខាភិបាលរូបនេះបានបន្តថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ៕
![](http://www.santepheappit.com/wp-content/uploads/2022/11/FB_IMG_1669728261054-1.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/11/FB_IMG_1669728263649-1.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/11/IMG_20221129_211929_411.jpg)