ភ្នំពេញ ៖ ហេតុការនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចផ្សារក្រមួន ជិតស្ពានដែកចំការដូង ផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ពណ៌លឿង បើកមកឈប់នៅកន្លែងកើតហេតុ តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ដើម្បីអោយកម្មករប្រមូលសំរាមដាក់ចូលក្នុងរថយន្ត ហើយគាប់ជួនពេលដែលកម្មករកំពុងតែប្រមូលសំរាម ក៏ស្រាប់តែមានបុរសជាមន្ត្រីយោធាថ្នាក់ឧត្ដមសេនីយ៍ទោ ពាក់ផ្កាយ២ម្នាក់ វ័យជាង៥០ឆ្នាំ បានបើករថយន្តម៉ាក Jeep ពណ៌ត្រេអុីពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 .2.5881 ធ្វើដំណើរតាមទិសដៅស្របគ្នា ក្នុងល្បឿនលឿនហើយស្រវឹង ក៏ជ្រុលទៅបុករថយន្ត ដឹកសំរាមពីក្រោយយ៉ាងពេញទំហឹង ដែលបណ្ដាលឲ្យកម្មករប្រមូលសំរាមម្នាក់ និងអ្នកបើកបររថយន្តម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនដែលនៅជិតកន្លែងកើតភ្លាមៗ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ត្រួតពិនិត្យ សួរនាំនិងទុកពេលឲ្យតំណាងភាគីទាំងសងខាង ធ្វើសម្របសម្រួលគ្នា តែដោយសារតែខាងជនរងគ្រោះ នៅតាមដានជម្ងឺបន្តទៀត ទើបមិនអាចដោះស្រាយគ្នាបាន ភ្លាមៗនោះទេ ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដំណោះស្រាយគ្នានៅពេលក្រោយ ៕