ខេត្តកណ្តាល÷អង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើន បានផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនឹងសំណងខុសច្បាប់ មួយកន្លែង ស្ថិតនៅសង្កាត់អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋទូទាំងប្រទេស និងអង្គការសង្គមស៊ីវិលកំពុងនាំគ្នារង់ចាំមើលថា តើម្ចាស់សំណង់មានឥទ្ធិពលប៉ុណ្ណា បានជាហ៊ានសាងសង់សំណង់រឹងរំលោភយកចំណីទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួន ទាំងដែលអាជ្ញាធរ ធ្លាប់ចុះធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ ជាច្រើនលើកច្រើនសាររួចមកហើយ។
ការចុះផ្អាកសំណង់ល្មើសច្បាប់នៅកោះអន្លង់ចិន គ្មានលទ្ធផល ព្រោះម្ចាស់មិនសហការ, អ្នកនាំពាក្យរដ្ឋបាលខេត្តថា នៅតែបន្តចំណាត់ការ ដោយសុំគោលការណ៍ពីឯកឧត្តម អភិបាលខេត្ត ។
គូបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅទីតាំងសំណង់អាហារដ្ឋានល្មើសច្បាប់ខាងលើ ដើម្បីត្រួពិនិត្យ និងហាមឃាត់មិនឲ្យបន្តការសាងសង់ ក្រោយពីទទួលបានព័ត៌មានថា ការដ្ឋានសំណង់មួយនេះ នៅតែលួចបន្តសាងសង់ ដោយបំពាន ទៅនឹងបម្រាមរបស់រដ្ឋបាលក្រុងតាខ្មៅ ដែលបានចុះផ្អាកហាមឃាត់ជាច្រើនលើក ។
ប៉ុន្តែប្រតិបត្តិការចុះត្រួតពិនិត្យ ហាមឃាត់សំណង់ល្មើសច្បាប់ខាងលើនេះ គឺមិនទទួលបានលទ្ធផលអ្វីនោះទេ ព្រោះម្ចាស់សំណង់មិនបានសហការ ហើយចាក់សោរទ្វាររបងពីខាងក្នុង ជាហេតុធ្វើឲ្យមន្ត្រីជំនាញមិនអាចចូលទៅត្រួតពិនិត្យបាន ចុងក្រោយ អាជ្ញាធរ និងមន្ត្រីជំនាញ បានត្រឹមតែធ្វើកំណត់ហេតុ ហើយត្រឡប់ទៅវិញ ។
ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើង បានផ្ញើរសំណេរជាសំណួរ ទៅឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល ដើម្បីចង់ដឹងថា តើរដ្ឋបាលខេត្ត នឹងមានចំណាត់ការបែបណាបន្ត ទៅលើទីតាំងសំណង់ខុសច្បាប់មួយនេះ ។
ជាការឆ្លើតប ឯកឧត្តម អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចបានឃើញស្រាប់ហើយ ក្រុមការងាររដ្ឋបាលក្រុង ខេត្ត និងក្រុមការងារមន្ទីរជំនាញបានចុះទៅធ្វើការហាមឃាត់ហើយ ហើយរដ្ឋបាលក្រុង នៅតែបន្តចំណាត់ការទៅតាមមនីតិវិធី ដោយសុំគោលការណ៍ដឹកនាំពី ឯកឧត្តមអភិបាលខេត្ត ។
សូមរំលឹកផងដែរថា សំណង់អាហារដ្ឋានល្មើសច្បាប់រំលោភដីចំណីទន្លេរបស់លោក ងន សុគន្ធ និងលោកស្រី ហាយ ស៊ីលីន ធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះទៅផ្អាកលើកទី១ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយមកម្ចាស់នៅតែបន្តលួចសាង់សង់បំពាននឹងបម្រាម ហើយអាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានចុះទៅផ្អាកជាបន្តបន្ទាប់ នៅថ្ងៃចុងក្រោយ ថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៤ ។
មហាជនកំពុងរង់ចាំមើលថា តើឯកឧត្តមអភិបាលខេត្តកណ្តាល នឹងចាត់វិធានការបែបណាទៅលើម្ចាស់សំណង់រឹងល្មើសច្បាប់សាងសង់ លើដំចំណីទន្លេមួយនេះ ព្រោះមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៅរង់ចាំតែគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត តែប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕077896869 សូមអគុណ.!