ភ្នំពេញ: គណបក្សហ៊្វុនស៊ិនប៉ិច មានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន បានប្រកាសគាំទ្រពេញទំហឹងចំពោះការគិតគូរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជីកព្រែកជីកហ្វូណន-តេជោ និងលើកទឹកចិត្តឱ្យការអនុវត្តគម្
រោងនេះទទួលបានជោគជ័យ។ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានគូសរំលេចថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោល ព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថា្នក់តំបន់និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជារាស្ត្រកម្ពុជាប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តាលខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។
«គម្រោងដ៏មហាសាលនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បើមបំផុតសម្រាប់ប្រជាជាតិខ្មែរ ហើយក៏ជាមោទនភាពសម្រាប់យើងទាំងអស់គ្នាផងដែរ។ ដូចនេះក្នុងនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាចូលរួមការពារជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះសម្រេចបានជោគជ័យ ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់ជំនាន់តរៀងទៅ»។ នេះជាការគូសរំលេចនៃជំហររបស់គណបក្សហ៊្វុនស៊ិនប៉ិច។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។
គម្រោងនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹករវាងទន្លេ និងសមុទ្ររបស់កម្ពុជា។
គម្រោងជាប្រវត្តិសាស្ត្រមួយនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស ព្រោះពួកគេសុទ្ធតែបានមើលឃើញពីប្រយោជន៍ និងគុណតម្លៃមហាសាលនៃព្រែកជីកនេះ៕