គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប.!



អគារសម្ភពដែលជាសមិទ្ឋិផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។


សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃមន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង ឯមន្ទីរពេទ្យក៏មានសភាពមមាញឹក និងចង្អៀត ព្រមទាំងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងការលះបង់កម្លាំងកាយចិត្តនិងពេលវេលាអស់ជាង ២៥ឆ្នាំ របស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ (Dr. Beat Richner) អតីតស្ថាបនិកដ៏ឆ្នើម សម្រាប់មន្ទីរពេទ្យកុមារមួយនេះ.!


 

មន្ទីរពេទ្យបានអភិវឌ្ឍនិងពង្រីកសមត្ថភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ ដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត មន្ទីរបានសាងសង់អគារសម្ភពថ្មីបន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត (Postnatal neonatology) ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នៅដើមខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល មានកម្ពស់៣ជាន់ មានសរុបចំនួនប្រមាណ ១.៥០០ម៉ែត្រក្រឡា  លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ៥,៥ហិចតា ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារអាមេរិកទៀត សម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។ 


លោកបណ្ឌិត ហ្វីលីព រ៉ូប៊ីនសុន (Philip Robinson) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស មានប្រសាសន៍ថា ក្រោយពីជាង ៥ឆ្នាំ បន្ទាប់ពីការលាចាកលោករបស់លោកវេជ្ជបណ្ឌិត ប៊ីត រីចន័រ មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការយ៉ាងពេញលេញ និងបន្តអភិវឌ្ឍជាលំដាប់។ ការវឌ្ឍនភាពដ៏រឹងមាំនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏ ជោគជ័យរបស់លោកវេជ្ជបណ្ឌិត រីចន័រ ក្នុងការជ្រើសរើសមនុស្សល្អៗ មកបំរើ ការងារ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ ដើម្បីធានានូវអនាគតមួយប្រកបដោយនិរន្តរភាពនៃកេរដំណែលរបស់ស្ថាបនិករបស់យើង។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា អគារសម្ភពថ្មីនេះជាសមិទ្ឋផលបន្ថែមថ្មីមួយទៀតសម្រាប់ជួយសម្រួលដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)សៀមរាប ក្នុងការផ្តល់សេវា ពិនិត្យតាមដានផ្ទៃពោះស្ត្រីសម្រាលកូន ដើម្បីចូលរួមកាត់បន្ថយអត្រាមរណៈមាតានិងទារកក្នុងពេលសម្រាកពេទ្យ។ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ការឧបត្ថម្ភគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលវិស័យសុខាភិបាលជាមុំអាទិភាពមួយនៃយុទ្ឋសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបន្តរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនិងការអភិវឌ្ឍ។


ឯកឧត្តមរដ្ឋមន្ត្រី ក័បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល បន្តការសិក្សារៀនសូត្រ អនុវត្តប្រតិបត្តិឱ្យបានត្រឹមត្រូវ មានទំនាក់ទំនងល្អជាមួយមហាភាតរៈ ជាមួយបងប្អូនគ្រួសារអ្នកជំងឺ ជាមួយសង្គមឱ្យបានល្អ និងកាន់តែប្រសើរថែមទៀត។ បន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីនវានុវត្តន៍នៅក្នុងមន្ទីរពេទ្យ និងត្រូវចូលរួមធ្វើការបណ្តុះបណ្តាលដើម្បីឱ្យសកម្មភាពត្រដុំត្រសងនៃមន្ទីរពេទ្យនេះទទួលបានជោគជ័យបន្ថែមទៀត និងក្លាយទៅជាវប្បធម៌ចងចាំនិងជឿទុកចិត្តរបស់មន្ទីរពេទ្យកុមារ។ 



ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងតែគិតគូរដល់សុខុមាលភាពមាតានិងកុមារកម្ពុជា ជាពិសេសបានចូលរួមចំណែកផ្តល់ថវិកាចំនួន២លានដុល្លារអាមេរិក សម្រាប់សំណង់អាគារសម្ភពថ្មីនេះ៕










អត្ថបទ និងរូបភាព៖ លោក យូ វង្ស , លោក បូ សាវី

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Previous Post Next Post