ខេត្តសៀមរាប ÷ កាលពី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ផ្ទះប្រជាពលរដ្ឋលក់អីវ៉ាន់មួយខ្នង ស្ថិតនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាបឆេះ ដែលក្នុងនោះទំហំនៃការខូចខាតទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រមាណ ៦០០០០ដុល្លារ។ ផ្ទះដែលបានឆេះនេះ មានម្ចាស់ឈ្មោះ ជិម ជឿក ភេទប្រុស អាយុ ៤៩ឆ្នាំ។ មូលហេតុដែលបណ្ដាលឲ្យមានករណីនេះ គឺមកពីឆ្លងចរន្តអគ្គិសនី ស្របពេលដែលម្ចាស់ផ្ទះកំពុងបូមសាំង ហើយធ្វើឱ្យសាំងកំពប់ស្រោច ទៅលើចរន្តអគ្គិសនីកំពុងឆ្លងបណ្ដាលឲ្យឆាប់ឆេះតែម្ដង។ ប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចបានប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ដោយបានបាញ់ពន្លត់បានទាំងស្រុងនៅវេលាម៉ោង ១១ និង០៧នាទី។
តាមការឲ្យដឹងពីម្ចាស់ផ្ទះ បានបញ្ជាក់ថា អគ្គីភ័យនេះបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន៖ ផ្ទះ ១ខ្នង ថ្មក្រោម ឈើលើ ប្រក់ស័ង្កសីចំនួន ៣ល្វែង មានទំហំ ១១x១១ម៉ែត្រឆេះទាំងស្រុង ឆេះប្រាក់ចំនួន ៧លានរៀល មាស៦ជី ភេសជ្ជៈ ១.១០០កេស ប្រេងសាំងម៉ាស៊ូត ២៥៤លីត រួមនឹងសម្ភារៈក្នុងផ្ទះមួយចំនួទៀត ដែលខូចខាតទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រមាណ ៦០.០០០ដុល្លារ។ករណីនេះក៏បណ្ដាលឲ្យមនុស្សម្នាក់ បានរងរបួសស្រាលផងដែរ៕
Tags:
អគ្គីភ័យ