ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ២៣ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងថា លោកជំទាវពិតជាមានមោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ លោកជំទាវ នឹងខិតខំឱ្យអស់លទ្ធភាពដើម្បីជួយដល់កុមារី និងយុវតី ឱ្យក្លាយជាសិស្សល្អ កូនល្អ ប្រជាពលរដ្ឋល្អ ដើម្បីជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកជំទាវបញ្ជាក់ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្មួយៗនឹងមានឱកាសទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបញ្ញា ស្មារតី ការសិក្សាជំនាញ ការចែករំលែកចំណេះដឹងបទពិសោធន៍ការសិក្សា ការបង្កើនសមត្ថភាព និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ទទួលបានការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណចំពោះការចូលរួមជាមូលនិធិរបស់សប្បុរសជន និងសមាជិកភាពរបស់សមាជិកសមាជិការបស់សមាគមតាមរយ:ការឧបត្ថម្ភជាសម្ភារៈ ថវិកា ស្មារតី ចំណេះដឹង សីលធម៌គុណធម៌ និងបទពិសោធន៍ជីវិតល្អៗជាច្រើនដើម្បីឲ្យកុមារី យុវតីជាបុគ្គលល្អជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជាប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មីបន្ទាប់ពីលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ត្រូវបានបោះឆ្នោតគាំទ្រជាអគ្គស្នងការសមាគម ដែលបានធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ១ នៅខេត្តសៀមរាប និងពិធីបញ្ចូលសមាជិកលើកទី២ ត្រូវបានប្រារព្ធធ្វើនៅខេត្តកំពតនៅពេលនេះ៕
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1657688182494.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1657688174780-683x1024.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1657688180058.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1657688177653.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1655850933073-3.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/IMG_20220619_192748_717-4-1024x105.jpg)