ឧត្តរមានជ័យ ៖ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យកាលពីអំឡុងខែមករា ឆ្នាំ2019 រហូតមកដល់ពេលនេះ កឺលោក ឈុន សុភមង្គល ប្រើអំណាច និងតួនាទីតាមរបៀបពុករលួយយ៉ាងពេញទំហឹង ដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីគយនៅក្នុងអង្គភាពសាខាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា លោក ឈុន សុភមង្គល បានយកជំនាញខាងពុករលួយកាលធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍ក្នុងតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ យ៉ាងរលូនតែម្ដង។ ការដែលលោក ឈុន សុភមង្គល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាំជួយគាំពារគ្រប់បញ្ហា។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង បានឲ្យដឹងថាសព្វថ្ងៃនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមអំពើចិត្ត។
ប្រភពដដែលបានបន្តថា លោក កែវ សារ៉ាត់ តែងតែយកឈ្មោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ មកបិទបាំងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួនយ៉ាងរលូន ប្រសិនបើគ្មានលោក ឈុន សុភមង្គល ជាបង្អែកទេនោះ គឺលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ មិនហ៊ានប្រព្រឹត្តអំពើពុករលួយពេញទំហឹងតាមរៀបជិះសេះលែងដៃដូចសព្វថ្ងែនេះឡើយ។
ចំណែកប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានបញ្ជាក់ថា លោក វ៉ាន់ ក្ដេ ប្រធានការិយាល័យគយច្រកអូរស្មាច់ នៅតែបើកដៃឲ្យឈ្មួញទាំងធំទាំងតូច នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងពេញទំហឹង ការដែលលោក វ៉ាន់ ក្ដេ មេគយច្រកអូរស្មាច់ មិនញញើតក្នុងរឿងប្រព្រឹត្តអំពើពុករលួយ គឺដោយសារអាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែកដ៏ក្រាស់ឃ្មឹក។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ឈុន សុភមង្គល និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ៕
![](http://www.santepheappit.com/wp-content/uploads/2022/07/Screenshot_2022-07-16-15-30-44-33_dba69a5e82e939c3ddef13f99a115ca3.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/IMG_20220716_151552_864.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/IMG_20220716_151555_558.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/FB_IMG_1655850933073-5.jpg)
![](http://www.santepheappit.com/wp-content/uploads/2022/07/IMG_20220619_192748_717-6-1024x105.jpg)