វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ.!


នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប លោក ម៉ប់ ស៊ីនួន បានបង្ហាញថា សម្រាប់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យទាំងក្នុងវិទ្យាស្ថាន បានត្រៀមខ្លួនជាស្រេចសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ទៅតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិទី៧ ចាប់ពីកំរិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិតមួយដោយមិនគិតថ្លៃ។


ថ្លែងនៅថ្ងៃទី១១ ខែកញ្ញានេះ លោក ម៉ប់ ស៊ីនួន បានឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានកំពុងផ្តល់ការបណ្ដុះបណ្ដាល ៦កម្រិត ស្របតាមក្របខណ្ឌគុណវុឌ្ឍជាតិ ចាប់ពីថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ(វគ្គខ្លី) រហូតដល់ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យា/វិស្វករ លើជំនាញបច្ចេកទេសក្នុង វិស័យអទិភាព៤ គឺវិស័យសំណង់ វិស័យមេកានិក វិស័យអគ្គិ សនី និងវិស័យធុរៈកិច្ច និងបច្ចេកវិទ្យាព័ត៌មាននិងវិទ្យាសាស្ត្រ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន ប្រជាពលរដ្ឋឥតបង់ថ្លៃសិក្សា ផ្តល់អទិភាពសិស្ស និស្សិតក្រីក្រ ស្រ្តី និងជនជាតិដើមភាគតិច។


លោកបន្ដថា សម្រាប់អាណត្ដិទី៧ នេះ វិទ្យាស្ថានបានត្រៀមមានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទៅដល់យុវជនមកពីគ្រួសារងាយរងហានីភ័យ យុវជនដែលគ្មានលទ្ធភាពបន្ដការសិក្សា មានចំនួនជាង ៣ម៉ឺននាក់ ក្នុងនោះនៅឆ្នាំ២០២៣ មានចំនួន ២០វគ្គ មានជាង ៥០០នាក់ និងនៅឆ្នាំ២០២៤ បានត្រៀមចំនួន ៦ពាន់នាក់។ ជំនាញដែលនឹងត្រូវបណ្ដុះបណ្ដាល មានកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យាលើមុខរបរ និងជំនាញ រួមមាន៖ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការិយាល័យជួរមុខ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក សេវាកម្មកុំព្យូទ័រ វិស្វកម្មរថយន្ត វិស្វកម្មអេឡិចត្រូនិក ព័ត៌មានវិទ្យា វិស្វកម្មអគ្គិសនី វិស្វកម្មសំណង់ស៊ីវិល។


លោកបានបន្ថែមថា ចំពោះកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈលើមុខរបរ និងជំនាញវិញ រួមមាន៖ ការថែទាំ និងជួសជុលអគ្គិសនី សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ ការដំឡើងបណ្តាញបំពង់ទឹក ការងារកំបោរ ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលទោចក្រក្រយានយន្តជាដើម។


លោកនាយកវិទ្យាស្ថាន ក៏បានឲ្យដឹងដែរថា សម្រាប់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំសិក្សា២០២២-២០២៣ មានចំនួន ១.០៩៦នាក់ ក្នុងនោះកម្រិតបរិញ្ញាបត្របច្ចេកវិទ្យាចំនួន ១២៦នាក់ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន ៦៣៨នាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ២ ៣ ចំនួន ២០៨នាក់, កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន(BEEP) ១៧នាក់, កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈវគ្គខ្លីសេវាកម្ម ចំនួន ១០៧នាក់។ ដោយឡែកសិក្ខាកាម សិស្សនិស្សិត ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលពីវិទ្យាស្ថានទទួលបានការងារធ្វើ៩៦%(ទិន្នន័យទទួលបានពីក្រុមការងារ M&E របស់វិទ្យាស្ថាន) ដែលក្នុងនោះធ្វើការឱ្យក្រុមហ៊ុនឯកជនចំនួន៧៥% ស្ថាប័នរដ្ឋ៤% អង្គការក្រៅរដ្ឋាភិបាលចំនួន១% ប្រកបអាជីវកម្មផ្ទាល់ខ្លួន/គ្រួសារចំនួន ១៨%ផងដែរ៕
ប្រភព: ពីមន្ទីរព័ត៌មានខេត្តសៀមរាប។

Leave a Reply

Your email address will not be published. Required fields are marked *