រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេសុីប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយព័ត៌មានកាន់តែច្រើនអោយប្រជាជន និងប្រជាជនបានដឹងទៅវិញទៅមក
ក្នុងឱកាសត្រូវបានតែងតាំងជា ឯកអគ្គរាជទូតម៉ាឡេសុីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាហារូឌីន ប៊ីន អុន (H.E. Mr. Shaharuddin Bin Onn ) ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញចូលជួបសំដែងការគួរសម និងធ្វើសាវនាការជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
នៅក្នុងជំនួបសាវនាការនេះដែរ ភាគីទាំងពីរបានគូសបញ្ជាក់ពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរ កម្ពុជា ម៉ាឡេសុី ដើម្បីផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក អោយប្រជាជន និងប្រជាជនបានដឹងទៅវិញទៅមកកាន់តែច្រើនឡើងបន្ថែមទៀត ។
ភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកអគ្គរាជទូតម៉ាឡេសុីប្រចាំកម្ពុជា បានធ្វើការចែករំលែកគំនិតគ្នាទៅលើការកិច្ចការងារប្រឆាំងព័ត៌មានក្លែងក្លាយដែលជាបញ្ហាមួយកំពុងបង្កើតជាបញ្ហាសម្រាប់បណ្តាប្រទេសនីមួយៗតាមរយៈការប្រើប្រាស់ Facebook TikTok ដែលបង្ករអោយមានការយល់ច្រឡំ និងបង្កើតអោយមានបញ្ហាក្នុងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែធ្វើនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អញ្ជើញសមភាគី មានរដ្ឋមន្ត្រីព័ត៌មានបណ្តាប្រទេសផ្សេងៗទៀតចូលរួមនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងពង្រឹងវិធានការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយរួមគ្នាផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋអោយយល់អំពីព័ត៌មានក្លែងក្លាយ ៕